17 គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយអញថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្តីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្តីអាក្រក់ណាកើតដល់ឯងរាល់គ្នាឡើយ
18 ដ្បិតតើអ្នកណាបានឈរក្នុងពួកប្រឹក្សានៃព្រះយេហូវ៉ា ឲ្យបានឃើញ ហើយឮព្រះបន្ទូលរបស់ទ្រង់ តើអ្នកណាបានប្រុងស្តាប់ ហើយឮព្រះបន្ទូលនៃទ្រង់
19 មើល ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្តីក្រោធរបស់ទ្រង់ បានចេញទៅហើយ អើ ជាព្យុះកួចដែលនឹងធ្លាយមក លើក្បាលរបស់ពួកមនុស្សអាក្រក់
20 សេចក្តីខ្ញាល់របស់ព្រះយេហូវ៉ានឹងមិនវិលទៅវិញ ទាល់តែទ្រង់បានធ្វើសំរេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យទ្រង់ ឯជាន់ក្រោយ នោះឯងរាល់គ្នានឹងយល់ច្បាស់
21 អញមិនបានចាត់ប្រើពួកហោរាទាំងនេះទេ គង់តែគេបានរត់ទៅ អញមិនបាននិយាយនឹងគេសោះ គង់តែគេបានទាយ
22 ប៉ុន្តែបើគេបានគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់អញ នោះគេនឹងបានប្រាប់ឲ្យរាស្ត្រអញស្តាប់ពាក្យរបស់អញហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ និងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួនផង។
23 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយផងដែរឬអី