យេរេមា 23:20-26 KHOV

20 សេចក្តី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ ទាល់​តែ​ទ្រង់​បាន​ធ្វើ​សំរេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ឯ​ជាន់​ក្រោយ នោះ​ឯង​រាល់​គ្នា​នឹង​យល់​ច្បាស់

21 អញ​មិន​បាន​ចាត់​ប្រើ​ពួក​ហោរា​ទាំង​នេះ​ទេ គង់​តែ​គេ​បាន​រត់​ទៅ អញ​មិន​បាន​និយាយ​នឹង​គេ​សោះ គង់​តែ​គេ​បាន​ទាយ

22 ប៉ុន្តែ​បើ​គេ​បាន​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​អញ នោះ​គេ​នឹង​បាន​ប្រាប់​ឲ្យ​រាស្ត្រ​អញ​ស្តាប់​ពាក្យ​របស់​អញ​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន​ផង។

23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ ឥត​នៅ​ជិត​បង្កើយ​ផង​ដែរ​ឬ​អី

24 ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ​ទៀត​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យ​អញ​មើល​មិន​ឃើញ​បាន​ឬ តើ​អញ​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ​អី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

25 អញ​បាន​ឮ​សេចក្តី​ដែល​ពួក​ហោរា​ប្រាប់ ជា​ពួក​អ្នក​ដែល​ទាយ​កុហក ដោយ​នូវ​ឈ្មោះ​អញ​ថា ខ្ញុំ​បាន​យល់‌សប្តិ ឃើញ​ដូច្នេះ​មួយៗ

26 សេចក្តី​យ៉ាង​នេះ​នឹង​នៅ​ក្នុង​ចិត្ត​នៃ​ពួក​ហោរា​ដែល​ទាយ​កុហក ជា​ពួក​អ្នក​ដែល​បញ្ឆោត​តាម​សេចក្តី​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ តើ​ដល់​កាល​ណា​ទៀត