យេរេមា 23:3-9 KHOV

3 រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចំរើន​ឡើង

4 អញ​នឹង​តាំង​អ្នក​គង្វាល​លើ​គេ​ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ​គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់‌បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​១ លំពង់​នោះ​ទ្រង់​នឹង​សោយ‌រាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាង‌វៃ ព្រម​ទាំង​សំរេច​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត​នៅ​ក្នុង​ស្រុក​ផង

6 នៅ​គ្រា​របស់​ទ្រង់ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អ៊ីស្រា‌អែល​នឹង​នៅ​ដោយ​សន្តិ‌សុខ ឯ​ព្រះ‌នាម​ដែល​គេ​នឹង​ហៅ​ទ្រង់ នោះ​គឺ«ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្តី​សុចរិត​នៃ​យើង​រាល់​គ្នា»

7 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ហេតុ​នោះ​បាន​ជា​មាន​គ្រា​មក​ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

8 គឺ​គេ​នឹង​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​ឡើង​រួច ហើយ​ដឹក‌នាំ​គេ​ចេញ​ពី​ស្រុក​ខាង​ជើង និង​ពី​គ្រប់​ទាំង​ស្រុក​ដែល​អញ​បាន​បណ្តេញ​គេ​នោះ​វិញ នោះ​គេ​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​គេ​ត​ទៅ។

9 ពី​ដំណើរ​ពួក​ហោរា។ចិត្ត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ត្រូវ​ញាំ‌ញី​ហើយ អស់​ទាំង​ឆ្អឹង​ខ្ញុំ​ក៏​ញ័រ ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង គឺ​ដូច​ជា​មនុស្ស​ដែល​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​ឈ្នះ​ហើយ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ​ព្រោះ​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់