7 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺហេតុនោះបានជាមានគ្រាមកដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក
8 គឺគេនឹងថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ដែលទ្រង់បាននាំពូជពង្សនៃអ៊ីស្រាអែលឡើងរួច ហើយដឹកនាំគេចេញពីស្រុកខាងជើង និងពីគ្រប់ទាំងស្រុកដែលអញបានបណ្តេញគេនោះវិញ នោះគេនឹងនៅក្នុងស្រុករបស់ខ្លួនគេតទៅ។
9 ពីដំណើរពួកហោរា។ចិត្តនៅក្នុងខ្លួនខ្ញុំត្រូវញាំញីហើយ អស់ទាំងឆ្អឹងខ្ញុំក៏ញ័រ ខ្ញុំដូចជាមនុស្សស្រវឹង គឺដូចជាមនុស្សដែលស្រាទំពាំងបាយជូរបានឈ្នះហើយ ដោយព្រោះព្រះយេហូវ៉ា ហើយដោយព្រោះព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់
10 ដ្បិតស្រុកនេះមានពេញដោយមនុស្សដែលប្រព្រឹត្តកំផិត ហើយស្រុកក៏យំសោកដោយព្រោះសេចក្តីបណ្តាសា អស់ទាំងទីឃ្វាលសត្វ នៅទីរហោស្ថាន បានហួតហែងអស់ហើយ គេរត់តាមតែសេចក្តីអាក្រក់ ហើយគេប្រើអំណាចសំរាប់តែការទុច្ចរិតទេ
11 ដ្បិតទាំងហោរា និងសង្ឃផង សុទ្ធតែស្មោកគ្រោកទាំងអស់គ្នា អើ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឃើញអំពើអាក្រក់របស់គេ នៅក្នុងព្រះវិហាររបស់អញផង
12 ហេតុនោះផ្លូវរបស់គេនឹងបានដូចជាកន្លែងរឥលនៅទីងងឹតដល់គេ គេនឹងត្រូវច្រានទៅ ហើយដួលចុះនៅទីនោះ ដ្បិតអញនឹងនាំសេចក្តីអាក្រក់មកលើគេ គឺជាឆ្នាំដែលត្រូវធ្វើទោសដល់គេ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
13 អញបានឃើញសេចក្តីចំកួតក្នុងពួកហោរា នៅក្រុងសាម៉ារីដែរ គេទាយទំនាយដោយសារព្រះបាល ក៏នាំពួកអ៊ីស្រាអែល ជារាស្ត្រអញឲ្យវង្វេងដែរ