1 នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ពីដំណើរបណ្តាជន នៅស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទី៤ នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា (ឆ្នាំនោះជាឆ្នាំដំបូង នៃរាជ្យនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន)
2 ជាសេចក្តីដែលហោរាយេរេមាបានប្រាប់ដល់បណ្តាជននៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ថា
3 ចាប់តាំងពីឆ្នាំទី១៣ ក្នុងរាជ្យយ៉ូសៀសជាបុត្រអាំម៉ូន ស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ គឺអស់២៣ឆ្នាំនេះហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ហើយខ្ញុំបានទាំងក្រោកពីព្រលឹមស្រាងប្រាប់ដល់អ្នករាល់គ្នាផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ
4 ឯព្រះយេហូវ៉ាទ្រង់បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់ទ្រង់ ឲ្យមកឯអ្នករាល់គ្នាដែរ គឺបានក្រោកពីព្រលឹមស្រាង និងចាត់គេផង តែអ្នករាល់គ្នាមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកនឹងស្តាប់សោះ
5 ទ្រង់បានមានព្រះបន្ទូលថា ចូរឲ្យអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់ឯង និងពួកអយ្យកោឯង ចាប់តាំងពីបុរាណ ហើយសំរាប់ជាដរាបតទៅ
6 កុំឲ្យទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វាឡើយ ក៏កុំឲ្យបណ្តាលឲ្យអញខឹង ដោយសារការដែលដៃឯងរាល់គ្នាធ្វើដែរ យ៉ាងនោះអញនឹងមិនប្រទូស្តដល់ឯងរាល់គ្នាទេ