10 មួយទៀត អញនឹងបំបាត់សំឡេងអរសប្បាយ និងសំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី និងសូរត្បាល់កិន ហើយពន្លឺចង្កៀងពីពួកគេចេញ
11 ដូច្នេះ ស្រុកនេះទាំងមូលនឹងទៅជាស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំងផង សាសន៍ទាំងនេះនឹងត្រូវបំរើស្តេចបាប៊ីឡូនអស់៧០ឆ្នាំ។
12 លុះដល់គ្រប់៧០ឆ្នាំនោះហើយ នោះអញនឹងធ្វើទោសស្តេចបាប៊ីឡូន និងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ នោះអញនឹងធ្វើឲ្យស្ងាត់ជ្រងំជាដរាបទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
13 អញនឹងសំរេចតាមអស់ទាំងពាក្យដែលអញបានប្រកាសទាស់នឹងស្រុកនោះ គឺតាមគ្រប់ទាំងសេចក្តីដែលបានកត់ទុកក្នុងសៀវភៅនេះហើយ ជាពាក្យដែលយេរេមាបានទាយទាស់នឹងនគរទាំងប៉ុន្មាន
14 ដ្បិតសាសន៍ជាច្រើន និងស្តេចធំៗ នឹងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយអញនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត និងតាមការដែលដៃគេបានធ្វើ។
15 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរយកពែងស្រាជាសេចក្តីឃោរឃៅនេះពីដៃអញទៅ ហើយបំផឹកអស់ទាំងសាសន៍ដែលអញចាត់ឯងឲ្យទៅនោះចុះ
16 គេនឹងផឹក ហើយនឹងដើរវិលវង់ទៅមក ហើយទៅជាឆ្កួតដោយព្រោះដាវ ដែលអញនឹងចាត់ទៅកណ្តាលពួកគេ