26 ស្តេចទាំងប៉ុន្មាននៃស្រុកខាងជើង ទាំងជិតទាំងឆ្ងាយជាមួយគ្នា ព្រមទាំងនគរទាំងអស់នៅក្នុងលោកីយ៍ ដែលនៅលើផែនដីផង រួចស្តេចសេសាកនឹងត្រូវផឹកជាខាងក្រោយបង្អស់។
27 ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផឹកចុះ ហើយឲ្យស្រវឹងផង ចូរក្អួតចេញ ហើយដួលចុះឥតដែលក្រោកឡើងវិញឡើយ ដោយព្រោះដាវដែលអញនឹងចាត់ទៅកណ្តាលពួកឯងរាល់គ្នា
28 បើកាលណាគេមិនព្រមផឹកពីពែងនៅដៃឯងទេ នោះត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវឲ្យឯងរាល់គ្នាផឹកជាពិត
29 ដ្បិតមើល អញចាប់តាំងធ្វើទោសដល់ទីក្រុង ដែលបានហៅតាមឈ្មោះអញ ដូច្នេះតើឯងរាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ អញនឹងហៅឲ្យមានដាវមកលើគ្រប់ទាំងមនុស្សនៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
30 ដូច្នេះ ចូរទាយអស់ទាំងពាក្យនេះ ទាស់នឹងគេហើយប្រាប់គេថា ព្រះយេហូវ៉ា ទ្រង់នឹងគ្រហឹមពីខាងលើ ហើយនឹងបព្ចោញព្រះសូរសៀងទ្រង់ ពីទីលំនៅបរិសុទ្ធរបស់ទ្រង់ ទ្រង់នឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលទ្រង់ ក៏នឹងស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសំរែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ
31 និងឮសូររហូតដល់ចុងផែនដីបំផុតផង ដ្បិតព្រះយេហូវ៉ាទ្រង់មានការណ៍ទាស់ទទឹងនឹងសាសន៍ទាំងប៉ុន្មាន ទ្រង់នឹងកើតក្តីនឹងគ្រប់ទាំងមនុស្ស ឯពួកមនុស្សអាក្រក់ នោះទ្រង់នឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
32 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មើល សេចក្តីអាក្រក់នឹងចេញពីនគរ១ដល់នគរ១ ហើយនឹងកើតមានព្យុះសង្ឃរាយ៉ាងសំបើម មកពីចុងផែនដីបំផុត