4 ឯព្រះយេហូវ៉ាទ្រង់បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់ទ្រង់ ឲ្យមកឯអ្នករាល់គ្នាដែរ គឺបានក្រោកពីព្រលឹមស្រាង និងចាត់គេផង តែអ្នករាល់គ្នាមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកនឹងស្តាប់សោះ
5 ទ្រង់បានមានព្រះបន្ទូលថា ចូរឲ្យអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់ឯង និងពួកអយ្យកោឯង ចាប់តាំងពីបុរាណ ហើយសំរាប់ជាដរាបតទៅ
6 កុំឲ្យទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វាឡើយ ក៏កុំឲ្យបណ្តាលឲ្យអញខឹង ដោយសារការដែលដៃឯងរាល់គ្នាធ្វើដែរ យ៉ាងនោះអញនឹងមិនប្រទូស្តដល់ឯងរាល់គ្នាទេ
7 ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ គឺជាការដែលនាំឲ្យអញខឹង ដោយសារការដែលដៃឯងបានធ្វើវិញ ឲ្យអញបានប្រទូស្តដល់ឯង
8 ហេតុនោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាមិនបានស្តាប់តាមពាក្យអញ
9 នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច
10 មួយទៀត អញនឹងបំបាត់សំឡេងអរសប្បាយ និងសំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី និងសូរត្បាល់កិន ហើយពន្លឺចង្កៀងពីពួកគេចេញ