យេរេមា 25:8-14 KHOV

8 ហេតុ​នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ

9 នោះ​មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ផង អញ​នឹង​បំផ្លាញ​ពួក​ស្រុក​នេះ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ខូច​បង់​នៅ​អស់‌កល្ប‌ជានិច្ច

10 មួយ​ទៀត អញ​នឹង​បំបាត់​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សូរ​ត្បាល់​កិន ហើយ​ពន្លឺ​ចង្កៀង​ពី​ពួក​គេ​ចេញ

11 ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង​ផង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បំរើ​ស្តេច​បាប៊ីឡូន​អស់​៧០​ឆ្នាំ។

12 លុះ​ដល់​គ្រប់​៧០​ឆ្នាំ​នោះ​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន និង​ពួក​សាសន៍​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ស្រុក​របស់​ពួក​ខាល់ដេ នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្ងាត់‌ជ្រងំ​ជា​ដរាប​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

13 អញ​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រកាស​ទាស់​នឹង​ស្រុក​នោះ គឺ​តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នេះ​ហើយ ជា​ពាក្យ​ដែល​យេរេមា​បាន​ទាយ​ទាស់​នឹង​នគរ​ទាំង​ប៉ុន្មាន

14 ដ្បិត​សាសន៍​ជា​ច្រើន និង​ស្តេច​ធំៗ នឹង​ចាប់​ប្រើ​សាសន៍​ខាល់ដេ​នោះ​វិញ ហើយ​អញ​នឹង​សង​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត និង​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ។