13 ដូច្នេះ ចូរកែផ្លូវ និងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ នោះព្រះយេហូវ៉ាទ្រង់នឹងប្រែគំនិតចេញពីសេចក្តីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ
14 តែឯខ្លួនខ្ញុំនេះ ខ្ញុំនៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ចូរធ្វើដល់ខ្ញុំតាមដែលអ្នករាល់គ្នាឃើញថាល្អ ហើយទៀងត្រង់ចុះ
15 ប៉ុន្តែត្រូវឲ្យដឹងពិតថា បើអ្នករាល់គ្នាសំឡាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ និងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រាប់ពាក្យទាំងនេះ នៅត្រចៀកអ្នករាល់គ្នាជាពិត។
16 នោះពួកចៅហ្វាយ និងជនទាំងឡាយ ក៏និយាយនឹងពួកសង្ឃ ហើយនឹងពួកហោរាថា មនុស្សនេះមិនគួរនឹងស្លាប់ទេ ដ្បិតបានគ្រាន់តែប្រាប់យើងរាល់គ្នា ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងទេតើ
17 រួចមានពួកចាស់ទុំខ្លះក្នុងស្រុក គេក្រោកឡើងប្រាប់ដល់ប្រជុំជនថា
18 មីកា ជាពួកម៉ូរ៉ាស៊ីត បានទាយ នៅក្នុងរាជ្យហេសេគាជាស្តេចយូដា ហើយប្រាប់ដល់ពួកជននៅស្រុកយូដាថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានព្រះបន្ទូលដូច្នេះ គេនឹងភ្ជួរភ្នំស៊ីយ៉ូន ដូចជាភ្ជួរស្រែចំការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំនៃព្រះវិហារ នោះនឹងដូចជាទីខ្ពស់នៅព្រៃណាមួយ
19 ចុះតើហេសេគា ជាស្តេចយូដា និងពួកយូដាទាំងអស់បានសំឡាប់លោកឬអី តើទ្រង់មិនបានកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយទូលអង្វរចំពោះព្រះអង្គទេឬអី ឯព្រះយេហូវ៉ា ទ្រង់ក៏ប្រែគំនិតចេញពីសេចក្តីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងគេដែរ ធ្វើដូច្នេះយើងនឹងឈ្មោះថាបានប្រព្រឹត្តអំពើអាក្រក់យ៉ាងធំ ទាស់នឹងព្រលឹងយើងហើយ។