យេរេមា 26:15-21 KHOV

15 ប៉ុន្តែ​ត្រូវ​ឲ្យ​ដឹង​ពិត​ថា បើ​អ្នក​រាល់​គ្នា​សំឡាប់​ខ្ញុំ នោះ​នឹង​នាំ​ឲ្យ​ឈាម​ដែល​ឥត​មាន​ទោស​ប្រឡាក់​លើ​ខ្លួន​អ្នក​រាល់​គ្នា លើ​ទី​ក្រុង​នេះ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រាប់​ពាក្យ​ទាំង​នេះ នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ជា​ពិត។

16 នោះ​ពួក​ចៅ‌ហ្វាយ និង​ជន​ទាំង‌ឡាយ ក៏​និយាយ​នឹង​ពួក​សង្ឃ ហើយ​នឹង​ពួក​ហោរា​ថា មនុស្ស​នេះ​មិន​គួរ​នឹង​ស្លាប់​ទេ ដ្បិត​បាន​គ្រាន់​តែ​ប្រាប់​យើង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ទេ​តើ

17 រួច​មាន​ពួក​ចាស់‌ទុំ​ខ្លះ​ក្នុង​ស្រុក គេ​ក្រោក​ឡើង​ប្រាប់​ដល់​ប្រជុំ​ជន​ថា

18 មីកា ជា​ពួក​ម៉ូរ៉ាស៊ីត បាន​ទាយ នៅ​ក្នុង​រាជ្យ​ហេសេគា​ជា​ស្តេច​យូដា ហើយ​ប្រាប់​ដល់​ពួក​ជន​នៅ​ស្រុក​យូដា​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​នឹង​ភ្ជួរ​ភ្នំ​ស៊ីយ៉ូន ដូច​ជា​ភ្ជួរ​ស្រែ​ចំការ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​កង​គំនរ ឯ​ភ្នំ​នៃ​ព្រះ‌វិហារ នោះ​នឹង​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​ណា​មួយ

19 ចុះ​តើ​ហេសេគា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​អស់​បាន​សំឡាប់​លោក​ឬ​អី តើ​ទ្រង់​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទូល‌អង្វរ​ចំពោះ​ព្រះ‌អង្គ​ទេ​ឬ​អី ឯ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ប្រែ​គំនិត​ចេញ​ពី​សេចក្តី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​គេ​ដែរ ធ្វើ​ដូច្នេះ​យើង​នឹង​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ ទាស់​នឹង​ព្រលឹង​យើង​ហើយ។

20 មួយ​ទៀត​ក៏​មាន​ម្នាក់​ដែល​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ទាយ​ទាស់​នឹង​ទី​ក្រុង ហើយ​នឹង​ស្រុក​នេះ តាម​អស់​ទាំង​ពាក្យ​របស់​យេរេមា​ដែរ

21 លុះ​កាល​ស្តេច​យេហូយ៉ាគីម ព្រម​ទាំង​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ និង​ពួក​ចៅ‌ហ្វាយ បាន​ឮ​ពាក្យ​របស់​អ្នក​នោះ​ហើយ នោះ​ស្តេច​ក៏​រក​សំឡាប់​អ៊ូរីយ៉ា តែ​កាល​គាត់​បាន​ដឹង នោះ​ក៏​ភ័យ ហើយ​បាន​រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ