យេរេមា 26:18-24 KHOV

18 មីកា ជា​ពួក​ម៉ូរ៉ាស៊ីត បាន​ទាយ នៅ​ក្នុង​រាជ្យ​ហេសេគា​ជា​ស្តេច​យូដា ហើយ​ប្រាប់​ដល់​ពួក​ជន​នៅ​ស្រុក​យូដា​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​នឹង​ភ្ជួរ​ភ្នំ​ស៊ីយ៉ូន ដូច​ជា​ភ្ជួរ​ស្រែ​ចំការ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​កង​គំនរ ឯ​ភ្នំ​នៃ​ព្រះ‌វិហារ នោះ​នឹង​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​ណា​មួយ

19 ចុះ​តើ​ហេសេគា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​អស់​បាន​សំឡាប់​លោក​ឬ​អី តើ​ទ្រង់​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទូល‌អង្វរ​ចំពោះ​ព្រះ‌អង្គ​ទេ​ឬ​អី ឯ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ប្រែ​គំនិត​ចេញ​ពី​សេចក្តី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​គេ​ដែរ ធ្វើ​ដូច្នេះ​យើង​នឹង​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ ទាស់​នឹង​ព្រលឹង​យើង​ហើយ។

20 មួយ​ទៀត​ក៏​មាន​ម្នាក់​ដែល​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ទាយ​ទាស់​នឹង​ទី​ក្រុង ហើយ​នឹង​ស្រុក​នេះ តាម​អស់​ទាំង​ពាក្យ​របស់​យេរេមា​ដែរ

21 លុះ​កាល​ស្តេច​យេហូយ៉ាគីម ព្រម​ទាំង​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ និង​ពួក​ចៅ‌ហ្វាយ បាន​ឮ​ពាក្យ​របស់​អ្នក​នោះ​ហើយ នោះ​ស្តេច​ក៏​រក​សំឡាប់​អ៊ូរីយ៉ា តែ​កាល​គាត់​បាន​ដឹង នោះ​ក៏​ភ័យ ហើយ​បាន​រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ

22 តែ​ស្តេច​យេហូយ៉ាគីម ទ្រង់​ចាត់​មនុស្ស ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គឺ​អែល‌ណា‌ថាន ជា​កូន​អ័កបោរ និង​មនុស្ស​ខ្លះ​ទៀត ឲ្យ​ទៅ​ជា​មួយ

23 អ្នក​ទាំង​នោះ​ក៏​នាំ​យក​អ៊ូរីយ៉ា ពី​ស្រុក​អេស៊ីព្ទ​មក​ថ្វាយ​ដល់​ស្តេច​យេហូយ៉ាគីម ហើយ​ទ្រង់​ក៏​សំឡាប់​គាត់​ដោយ​ដាវ ព្រម​ទាំង​បោះ​ខ្មោច​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​នៃ​ពួក​មនុស្ស​ធម្មតា​ទៅ

24 ប៉ុន្តែ​អ័ហ៊ី‌កាម ជា​កូន​សាផាន លោក​ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សំឡាប់​លោក​ឡើយ។