19 ចុះតើហេសេគា ជាស្តេចយូដា និងពួកយូដាទាំងអស់បានសំឡាប់លោកឬអី តើទ្រង់មិនបានកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយទូលអង្វរចំពោះព្រះអង្គទេឬអី ឯព្រះយេហូវ៉ា ទ្រង់ក៏ប្រែគំនិតចេញពីសេចក្តីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងគេដែរ ធ្វើដូច្នេះយើងនឹងឈ្មោះថាបានប្រព្រឹត្តអំពើអាក្រក់យ៉ាងធំ ទាស់នឹងព្រលឹងយើងហើយ។
20 មួយទៀតក៏មានម្នាក់ដែលទាយដោយនូវព្រះនាមព្រះយេហូវ៉ា ឈ្មោះអ៊ូរីយ៉ា ជាកូនរបស់សេម៉ាយ៉ា ពីក្រុងគារយ៉ាត់-យារីម អ្នកនោះទាយទាស់នឹងទីក្រុង ហើយនឹងស្រុកនេះ តាមអស់ទាំងពាក្យរបស់យេរេមាដែរ
21 លុះកាលស្តេចយេហូយ៉ាគីម ព្រមទាំងមនុស្សខ្លាំងពូកែរបស់ទ្រង់ និងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះហើយ នោះស្តេចក៏រកសំឡាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង នោះក៏ភ័យ ហើយបានរត់ទៅឯស្រុកអេស៊ីព្ទ
22 តែស្តេចយេហូយ៉ាគីម ទ្រង់ចាត់មនុស្ស ឲ្យទៅឯស្រុកអេស៊ីព្ទ គឺអែលណាថាន ជាកូនអ័កបោរ និងមនុស្សខ្លះទៀត ឲ្យទៅជាមួយ
23 អ្នកទាំងនោះក៏នាំយកអ៊ូរីយ៉ា ពីស្រុកអេស៊ីព្ទមកថ្វាយដល់ស្តេចយេហូយ៉ាគីម ហើយទ្រង់ក៏សំឡាប់គាត់ដោយដាវ ព្រមទាំងបោះខ្មោចរបស់គាត់ទៅក្នុងផ្នូរនៃពួកមនុស្សធម្មតាទៅ
24 ប៉ុន្តែអ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃពួកជនឲ្យគេសំឡាប់លោកឡើយ។