4 ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងដើរតាមច្បាប់ ដែលអញបានដាក់នៅមុខឯងរាល់គ្នា
5 ប្រយោជន៍នឹងស្តាប់តាមពាក្យរបស់ពួកហោរា ជាអ្នកបំរើរបស់អញ ដែលអញចាត់ឲ្យមកឯឯងរាល់គ្នា ដោយក្រោកពីព្រលឹមស្រាង និងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ
6 នោះអញនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរវិញ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្តាសា ដល់អស់ទាំងសាសន៍នៅផែនដីផង
7 ឯពួកសង្ឃ ពួកហោរា និងបណ្តាជនទាំងឡាយ ក៏ឮយេរេមាប្រាប់ពាក្យទាំងនេះ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ។
8 លុះដល់យេរេមាបានប្រាប់គ្រប់ទាំងសេចក្តី ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យលោកប្រាប់ដល់ជនទាំងឡាយរួចអស់ហើយ នោះពួកសង្ឃ និងពួកហោរា ហើយបណ្តាជនទាំងអស់ ក៏ចាប់លោកដោយពាក្យថា ឯងត្រូវស្លាប់ហើយ
9 ហេតុអ្វីបានជាឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាថា ព្រះវិហារនេះនឹងបានដូចជាស៊ីឡូរ ហើយទីក្រុងនេះនឹងត្រូវខូចបង់ ឥតមានអ្នកណានៅដូច្នេះ រួចប្រជាជនក៏មូលគ្នាមកព័ទ្ធជុំយេរេមា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
10 កាលពួកចៅហ្វាយនៃស្រុកយូដា បានឮសេចក្តីទាំងនោះហើយ គេក៏ចេញពីដំណាក់ស្តេច ឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា រួចអង្គុយចុះត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា