យេរេមា 26:9-15 KHOV

9 ហេតុ​អ្វី​បាន​ជា​ឯង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា ព្រះ‌វិហារ​នេះ​នឹង​បាន​ដូច​ជា​ស៊ីឡូរ ហើយ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ​ដូច្នេះ រួច​ប្រជា‌ជន​ក៏​មូល​គ្នា​មក​ព័ទ្ធ​ជុំ​យេរេមា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

10 កាល​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា បាន​ឮ​សេចក្តី​ទាំង​នោះ​ហើយ គេ​ក៏​ចេញ​ពី​ដំណាក់​ស្តេច ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​អង្គុយ​ចុះ​ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

11 នោះ​ពួក​សង្ឃ និង​ពួក​ហោរា គេ​ជំរាប​ដល់​ពួក​ចៅ‌ហ្វាយ ហើយ​ដល់​ជន​ទាំង​អស់​ថា មនុស្ស​នេះ​គួរ​ស្លាប់​ហើយ ដ្បិត​គេ​បាន​ទាយ​ទាស់​នឹង​ក្រុង​នេះ ដូច​ជា​អស់​លោក​អ្នក​បាន​ឮ​ដោយ​ត្រចៀក​ស្រាប់

12 រួច​យេរេមា​លោក​ក៏​ជំរាប​ដល់​ពួក​ចៅ‌ហ្វាយ និង​ជន​ទាំង​អស់​ថា ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចាត់​ខ្ញុំ ឲ្យ​មក​ទាយ​ប្រាប់​អស់​ទាំង​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ទាស់​នឹង​ព្រះ‌វិហារ ហើយ​នឹង​ទី​ក្រុង​នេះ

13 ដូច្នេះ ចូរ​កែ​ផ្លូវ និង​កិរិយា​របស់​អ្នក​រាល់​គ្នា​ឥឡូវ ហើយ​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រែ​គំនិត​ចេញ​ពី​សេចក្តី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​អ្នក​រាល់​គ្នា​វិញ

14 តែ​ឯ​ខ្លួន​ខ្ញុំ​នេះ ខ្ញុំ​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ចូរ​ធ្វើ​ដល់​ខ្ញុំ​តាម​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថា​ល្អ ហើយ​ទៀង​ត្រង់​ចុះ

15 ប៉ុន្តែ​ត្រូវ​ឲ្យ​ដឹង​ពិត​ថា បើ​អ្នក​រាល់​គ្នា​សំឡាប់​ខ្ញុំ នោះ​នឹង​នាំ​ឲ្យ​ឈាម​ដែល​ឥត​មាន​ទោស​ប្រឡាក់​លើ​ខ្លួន​អ្នក​រាល់​គ្នា លើ​ទី​ក្រុង​នេះ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រាប់​ពាក្យ​ទាំង​នេះ នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ជា​ពិត។