យេរេមា 27:1-7 KHOV

1 នៅ​ដើម​រាជ្យ​នៃ​សេដេគា ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា នោះ​ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា

2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ ចូរ​ធ្វើ​នឹម និង​ខ្សែ ហើយ​ពាក់​នៅ​ក​ឯង

3 លំដាប់​នោះ​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​សាសន៍​អេដំម ស្តេច​សាសន៍​ម៉ូអាប់ ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ស្តេច​ក្រុង​ទីរ៉ុស និង​ស្តេច​ក្រុង​ស៊ីដូន ដោយ​ដៃ​ពួក​ទូត​ដែល​មក​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​គាល់​សេដេគា ជា​ស្តេច​យូដា

4 ព្រម​ទាំង​ផ្តាំ​ឲ្យ​គេ​ប្រាប់​ដល់​ចៅ‌ហ្វាយ​គេ ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ជំរាប​ដល់​ចៅ‌ហ្វាយ​ខ្លួន​យ៉ាង​នេះ​ថា

5 អញ​បាន​បង្កើត​ផែនដី និង​មនុស្ស ហើយ​សត្វ​ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន ដោយ‌សារ​ឫទ្ធិ​ដ៏​ធំ និង​ដៃ​លើក​សំរេច​របស់​អញ ក៏​ប្រគល់​ដល់​អ្នក​ណា​ដែល​អញ​គិត​ឃើញ​ថា​គួរ

6 ឥឡូវ​នេះ អញ​បាន​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​ហើយ ក៏​បាន​ឲ្យ​អស់​ទាំង​សត្វ​នៅ​វាល សំរាប់​នឹង​បំរើ​គេ​ដែរ

7 សាសន៍​ទាំង​អស់​នឹង​បំរើ​ស្តេច​នោះ និង​កូន ហើយ​នឹង​ចៅ​របស់​គេ​ផង ដរាប​ដល់​កំណត់​នៃ​ស្រុក​គេ នោះ​សាសន៍​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ