13 តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ និងរាស្ត្ររបស់ទ្រង់ផង ដោយដាវ អំណត់អត់ និងអាសន្នរោគ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីដំណើរសាសន៍ណា ដែលមិនព្រមបំរើដល់ស្តេចបាប៊ីឡូនដូច្នេះ
14 កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលនិយាយនឹងអ្នករាល់គ្នាថា មិនត្រូវបំរើដល់ស្តេចបាប៊ីឡូននោះឡើយ ដ្បិតគេទាយជាសេចក្តីកុហកទេ
15 ព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញមិនបានចាត់គេឲ្យមកសោះ គឺគេទាយជាសេចក្តីកំភូត ដោយនូវឈ្មោះអញវិញ ដើម្បីឲ្យអញបានបណ្តេញឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រូវវិនាសបង់ គឺទាំងខ្លួនឯងរាល់គ្នា និងពួកហោរាដែលទាយដល់ឯងផង។
16 ខ្ញុំក៏បានប្រាប់ដល់ពួកសង្ឃ និងពួកជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យស្តាប់តាមពាក្យរបស់ពួកហោរា ដែលទាយដល់ឯងរាល់គ្នាថា មើល បន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេទាយជាសេចក្តីកុហកដល់ឯងរាល់គ្នាទេ
17 កុំឲ្យស្តាប់តាមគេឡើយ ត្រូវឲ្យបំរើស្តេចបាប៊ីឡូនចុះ នោះនឹងបានរួចជីវិត តើមានទំនងអ្វី ឲ្យទីក្រុងនេះត្រូវខូចបង់
18 បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយនឹងគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម បានត្រូវដឹកនាំយកទៅឯក្រុងបាប៊ីឡូនទៀត
19 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលពីដំណើរសសរ សមុទ្រ និងជើងថ្កល់ ហើយនឹងគ្រឿងប្រដាប់ដែលនៅសល់ក្នុងទីក្រុងនេះ