យេរេមា 27:4-10 KHOV

4 ព្រម​ទាំង​ផ្តាំ​ឲ្យ​គេ​ប្រាប់​ដល់​ចៅ‌ហ្វាយ​គេ ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ជំរាប​ដល់​ចៅ‌ហ្វាយ​ខ្លួន​យ៉ាង​នេះ​ថា

5 អញ​បាន​បង្កើត​ផែនដី និង​មនុស្ស ហើយ​សត្វ​ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន ដោយ‌សារ​ឫទ្ធិ​ដ៏​ធំ និង​ដៃ​លើក​សំរេច​របស់​អញ ក៏​ប្រគល់​ដល់​អ្នក​ណា​ដែល​អញ​គិត​ឃើញ​ថា​គួរ

6 ឥឡូវ​នេះ អញ​បាន​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​ហើយ ក៏​បាន​ឲ្យ​អស់​ទាំង​សត្វ​នៅ​វាល សំរាប់​នឹង​បំរើ​គេ​ដែរ

7 សាសន៍​ទាំង​អស់​នឹង​បំរើ​ស្តេច​នោះ និង​កូន ហើយ​នឹង​ចៅ​របស់​គេ​ផង ដរាប​ដល់​កំណត់​នៃ​ស្រុក​គេ នោះ​សាសន៍​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ

8 រីឯ​សាសន៍​ណា ឬ​នគរ​ណា ដែល​មិន​ព្រម​បំរើ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​នេះ ហើយ​មិន​ព្រម​ឱន​ក ទទួល​នឹម​របស់​ស្តេច​បាប៊ីឡូន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ធ្វើ​ទោស​ដល់​សាសន៍​នោះ​ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ទាល់​តែ​អញ​បាន​ឲ្យ​គេ​សូន្យ​បាត់ ដោយ​ដៃ​របស់​ស្តេច​នោះ​ទៅ

9 តែ​ឯ​ឯង​រាល់​គ្នា កុំ​ឲ្យ​ស្តាប់​តាម​ពួក​ហោរា​របស់​ឯង ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់‌សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្ត‌ឫក្ស​ដែល​និយាយ​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​បំរើ​ស្តេច​ស្រុក​បាប៊ីឡូន​នោះ​ឡើយ

10 ដ្បិត​គេ​ទាយ​ជា​សេចក្តី​កុហក​ដល់​ឯង​រាល់​គ្នា​ទេ ដើម្បី​ឲ្យ​ឯង​ត្រូវ​ព្រាត់​ចាក​ឆ្ងាយ​ពី​ស្រុក​របស់​ឯង គឺ​ឲ្យ​អញ​បាន​បណ្តេញ​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​ត្រូវ​វិនាស​បង់