5 អញបានបង្កើតផែនដី និងមនុស្ស ហើយសត្វដែលនៅលើផែនដីទាំងប៉ុន្មាន ដោយសារឫទ្ធិដ៏ធំ និងដៃលើកសំរេចរបស់អញ ក៏ប្រគល់ដល់អ្នកណាដែលអញគិតឃើញថាគួរ
6 ឥឡូវនេះ អញបានប្រគល់ស្រុកទាំងនេះទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញហើយ ក៏បានឲ្យអស់ទាំងសត្វនៅវាល សំរាប់នឹងបំរើគេដែរ
7 សាសន៍ទាំងអស់នឹងបំរើស្តេចនោះ និងកូន ហើយនឹងចៅរបស់គេផង ដរាបដល់កំណត់នៃស្រុកគេ នោះសាសន៍ជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ
8 រីឯសាសន៍ណា ឬនគរណា ដែលមិនព្រមបំរើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនក ទទួលនឹមរបស់ស្តេចបាប៊ីឡូន នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងធ្វើទោសដល់សាសន៍នោះដោយដាវ អំណត់អត់ និងអាសន្នរោគ ទាល់តែអញបានឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះទៅ
9 តែឯឯងរាល់គ្នា កុំឲ្យស្តាប់តាមពួកហោរារបស់ឯង ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សដែលនិយាយនឹងឯងរាល់គ្នាថា មិនត្រូវឲ្យបំរើស្តេចស្រុកបាប៊ីឡូននោះឡើយ
10 ដ្បិតគេទាយជាសេចក្តីកុហកដល់ឯងរាល់គ្នាទេ ដើម្បីឲ្យឯងត្រូវព្រាត់ចាកឆ្ងាយពីស្រុករបស់ឯង គឺឲ្យអញបានបណ្តេញឯងរាល់គ្នាចេញ ហើយឲ្យឯងត្រូវវិនាសបង់
11 តែសាសន៍ណាដែលឱនក ទទួលនឹម ហើយបំរើដល់ស្តេចបាប៊ីឡូនវិញ នោះអញនឹងទុកគេ ឲ្យនៅក្នុងស្រុករបស់ខ្លួន គេនឹងភ្ជួររាស់ដី ហើយអាស្រ័យនៅផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។