8 រីឯសាសន៍ណា ឬនគរណា ដែលមិនព្រមបំរើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនក ទទួលនឹមរបស់ស្តេចបាប៊ីឡូន នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងធ្វើទោសដល់សាសន៍នោះដោយដាវ អំណត់អត់ និងអាសន្នរោគ ទាល់តែអញបានឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះទៅ
9 តែឯឯងរាល់គ្នា កុំឲ្យស្តាប់តាមពួកហោរារបស់ឯង ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សដែលនិយាយនឹងឯងរាល់គ្នាថា មិនត្រូវឲ្យបំរើស្តេចស្រុកបាប៊ីឡូននោះឡើយ
10 ដ្បិតគេទាយជាសេចក្តីកុហកដល់ឯងរាល់គ្នាទេ ដើម្បីឲ្យឯងត្រូវព្រាត់ចាកឆ្ងាយពីស្រុករបស់ឯង គឺឲ្យអញបានបណ្តេញឯងរាល់គ្នាចេញ ហើយឲ្យឯងត្រូវវិនាសបង់
11 តែសាសន៍ណាដែលឱនក ទទួលនឹម ហើយបំរើដល់ស្តេចបាប៊ីឡូនវិញ នោះអញនឹងទុកគេ ឲ្យនៅក្នុងស្រុករបស់ខ្លួន គេនឹងភ្ជួររាស់ដី ហើយអាស្រ័យនៅផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12 ខ្ញុំក៏បានទូលដល់សេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា ចូរឲ្យអ្នករាល់គ្នាឱនកទទួលនឹម ទៅបំរើដល់ស្តេចបាប៊ីឡូន និងរាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត
13 តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ និងរាស្ត្ររបស់ទ្រង់ផង ដោយដាវ អំណត់អត់ និងអាសន្នរោគ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីដំណើរសាសន៍ណា ដែលមិនព្រមបំរើដល់ស្តេចបាប៊ីឡូនដូច្នេះ
14 កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលនិយាយនឹងអ្នករាល់គ្នាថា មិនត្រូវបំរើដល់ស្តេចបាប៊ីឡូននោះឡើយ ដ្បិតគេទាយជាសេចក្តីកុហកទេ