4 អញក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីមស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ដែលត្រូវដឹកនាំទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកឯទីនេះវិញដែរ ដ្បិតអញនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
5 រួចហោរាយេរេមា ក៏និយាយនឹងហាណានា នៅចំពោះពួកសង្ឃ និងបណ្តាជនដែលឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
6 គឺហោរាយេរេមានិយាយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ាធ្វើដូច្នោះចុះ សូមឲ្យព្រះយេហូវ៉ាសំរេចតាមពាក្យដែលអ្នកបានទាយនោះ ដើម្បីនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា និងអស់អ្នកដែលត្រូវដឹកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកពីក្រុងបាប៊ីឡូនដល់ទីនេះវិញ
7 ប៉ុន្តែចូរស្តាប់ពាក្យដែលខ្ញុំពោលនៅត្រចៀកអ្នក និងនៅត្រចៀករបស់បណ្តាជនទាំងនេះឥឡូវចុះ
8 ឯពួកហោរាកាលពីដើម ដែលនៅមុនខ្ញុំ ហើយនឹងអ្នក គេបានទាយទាស់នឹងស្រុកជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺទាយពីចំបាំង ពីការអាក្រក់ និងពីអាសន្នរោគផង
9 តែហោរាណាដែលទាយពីសន្តិសុខ បើកាលណាទំនាយរបស់ហោរានោះបានសំរេចហើយ នោះទើបនឹងស្គាល់ហោរានោះថា ព្រះយេហូវ៉ាបានចាត់ប្រើមកមែន
10 នោះហោរាហាណានា ក៏យកនឹមពីកហោរាយេរេមាទៅបំបាក់ចោល