8 ឯពួកហោរាកាលពីដើម ដែលនៅមុនខ្ញុំ ហើយនឹងអ្នក គេបានទាយទាស់នឹងស្រុកជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺទាយពីចំបាំង ពីការអាក្រក់ និងពីអាសន្នរោគផង
9 តែហោរាណាដែលទាយពីសន្តិសុខ បើកាលណាទំនាយរបស់ហោរានោះបានសំរេចហើយ នោះទើបនឹងស្គាល់ហោរានោះថា ព្រះយេហូវ៉ាបានចាត់ប្រើមកមែន
10 នោះហោរាហាណានា ក៏យកនឹមពីកហោរាយេរេមាទៅបំបាក់ចោល
11 រួចហាណានានិយាយចំពោះបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺយ៉ាងនេះឯងដែលអញនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ចេញពីកនៃអស់ទាំងសាសន៍ក្នុងរវាងគំរប់២ឆ្នាំទៅមុខនេះ នោះហោរាយេរេមាក៏ចេញទៅបាត់។
12 រួចមក ក្នុងពេលក្រោយដែលហោរាហាណានាបានបំបាក់នឹមពីកយេរេមាចេញហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា
13 ចូរទៅប្រាប់ដល់ហាណានាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែឯងបានធ្វើនឹមដែកជំនួសវិញ
14 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញបានដាក់នឹមដែកនៅកនៃសាសន៍ទាំងនេះហើយ ដើម្បីឲ្យគេត្រូវបំរើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងបំរើពិតមែន អញក៏បានឲ្យសត្វនៅវាល ដល់គេដែរ