1 នេះឯងជាសេចក្តីចុះក្នុងសំបុត្រ ដែលហោរាយេរេមាបានផ្ញើពីក្រុងយេរូសាឡិម ទៅឯសំណល់ពួកចាស់ទុំ ក្នុងពួកដែលត្រូវដឹកទៅជាឈ្លើយ ហើយនឹងពួកសង្ឃ ពួកហោរា និងបណ្តាជនទាំងអស់ ដែលនេប៊ូក្នេសាបានដឹកជាឈ្លើយ ពីក្រុងយេរូសាឡិមទៅឯស្រុកបាប៊ីឡូន
2 គឺក្នុងគ្រាក្រោយដែលស្តេចយេកូនាស និងអគ្គមហេសី ពួកសេនាបតី ពួកចៅហ្វាយនៃស្រុកយូដា និងក្រុងយេរូសាឡិម ព្រមទាំងពួកជាងឈើ និងជាងដែក បានចេញពីក្រុងយេរូសាឡិមអស់ហើយ
3 លោកផ្ញើសំបុត្រនោះដោយសារដៃអេលាសារ ជាកូនសាផាន និងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលសេដេគា ស្តេចយូដាបានចាត់ទៅឯស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា
4 ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលទ្រង់បានឲ្យគេដឹកជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា
5 ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ
6 ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ