10 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ
11 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម
12 នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម
13 ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត
14 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងឲ្យឯងរាល់គ្នារកអញឃើញ អញនឹងដោះឯងរាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយនឹងប្រមូលឯងពីគ្រប់ទាំងសាសន៍ និងពីគ្រប់កន្លែងណាដែលអញបានបណ្តេញឯង នាំវិលត្រឡប់មកឯកន្លែងដែលអញបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15 ហេតុដែលអ្នករាល់គ្នានិយាយថា ព្រះយេហូវ៉ាទ្រង់បានបង្កើតឲ្យយើងមានពួកហោរា នៅស្រុកបាប៊ីឡូននេះ
16 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពីដំណើរស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ ហើយពីដំណើរជនទាំងឡាយដែលអាស្រ័យនៅទីក្រុងនេះ គឺជាបងប្អូនរបស់ឯងរាល់គ្នា ដែលមិនបានដឹកទៅជាឈ្លើយជាមួយនឹងឯងរាល់គ្នាទេ