25 ព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងបានធ្វើសំបុត្រដោយនូវឈ្មោះខ្លួនឯង ផ្ញើដល់អស់អ្នកនៅក្រុងយេរូសាឡិម និងដល់សេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ហើយដល់ពួកសង្ឃទាំងអស់ផងថា
26 ព្រះយេហូវ៉ា ទ្រង់បានតាំងឯងឡើងធ្វើជាសង្ឃ ជំនួសយេហូយ៉ាដាដ៏ជាសង្ឃ ដើម្បីឲ្យមានពួកនាយកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ប្រយោជន៍ឲ្យឯងបានចាប់អស់អ្នកឆ្កួត ដែលតាំងខ្លួនឡើងធ្វើជាហោរា ដាក់គុក ដាក់ខ្នោះ
27 ចុះហេតុអ្វីបានជាមិនបានបន្ទោសដល់យេរេមា ដែលនៅក្រុងអាណាថោត ជាអ្នកដែលតាំងខ្លួនឡើងជាហោរាដល់លោករាល់គ្នានោះ
28 ពីព្រោះវាបានផ្ញើសំបុត្រទៅយើងរាល់គ្នា នៅឯស្រុកបាប៊ីឡូន ប្រាប់ថា ដំណើរនេះនឹងត្រូវយូរនៅ ចូរធ្វើផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលទៅ
29 ឯសេផានាដ៏ជាសង្ឃ ក៏អានមើលសំបុត្រនោះ ឲ្យហោរាយេរេមាស្តាប់
30 ខណៈនោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាដូច្នេះ
31 ចូរផ្ញើទៅប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរសេម៉ាយ៉ាជាអ្នកដែលមកពីស្រុកនេហេលេមថា ដោយព្រោះសេម៉ាយ៉ា ជាអ្នកដែលអញមិនបានចាត់ប្រើឡើយ បានទាយដល់ឯងរាល់គ្នា ហើយបាននាំឲ្យឯងរាល់គ្នាទុកចិត្តចំពោះសេចក្តីកំភូត