27 ចុះហេតុអ្វីបានជាមិនបានបន្ទោសដល់យេរេមា ដែលនៅក្រុងអាណាថោត ជាអ្នកដែលតាំងខ្លួនឡើងជាហោរាដល់លោករាល់គ្នានោះ
28 ពីព្រោះវាបានផ្ញើសំបុត្រទៅយើងរាល់គ្នា នៅឯស្រុកបាប៊ីឡូន ប្រាប់ថា ដំណើរនេះនឹងត្រូវយូរនៅ ចូរធ្វើផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលទៅ
29 ឯសេផានាដ៏ជាសង្ឃ ក៏អានមើលសំបុត្រនោះ ឲ្យហោរាយេរេមាស្តាប់
30 ខណៈនោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាដូច្នេះ
31 ចូរផ្ញើទៅប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរសេម៉ាយ៉ាជាអ្នកដែលមកពីស្រុកនេហេលេមថា ដោយព្រោះសេម៉ាយ៉ា ជាអ្នកដែលអញមិនបានចាត់ប្រើឡើយ បានទាយដល់ឯងរាល់គ្នា ហើយបាននាំឲ្យឯងរាល់គ្នាទុកចិត្តចំពោះសេចក្តីកំភូត
32 បានជាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងធ្វើទោសដល់សេម៉ាយ៉ា ជាអ្នកស្រុកនេហេលេម ព្រមទាំងពូជពង្សគេផង គេនឹងគ្មានពូជណាអាស្រ័យនៅកណ្តាលជនជាតិនេះឡើយ ក៏នឹងមិនឃើញការល្អដែលអញនឹងប្រោសដល់រាស្ត្រអញដែរ ពីព្រោះគេបានពោលជាសេចក្តីបះបោរទាស់នឹងព្រះយេហូវ៉ា នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។