16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ កាលណាឯងរាល់គ្នាបានចំរើនមានគ្នាច្រើនឡើងនៅក្នុងស្រុក នោះគេនឹងលែងចេញពាក្យថា ហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ហឹបនោះក៏មិនដែលចូលក្នុងគំនិតគេ ហើយគេមិនដែលនឹកចាំ ឬរឭករក ក៏មិនដែលមានអ្នកណាធ្វើឡើងវិញ ដរាបតទៅ
17 នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡិមថា ជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មកឯព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម គេនឹងមិនដើរតាមសេចក្តីរឹងចចេស នៃចិត្តអាក្រក់របស់គេទៀតឡើយ
18 នៅគ្រានោះ ពួកវង្សយូដានឹងដើរជាមួយនឹងពួកវង្សអ៊ីស្រាអែល ហើយគេនឹងចេញពីស្រុកខាងជើងជាមួយគ្នា មកឯស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោរបស់ឯងទុកជាមរដក។
19 តែអញបាននឹកថា ធ្វើដូចម្តេចឲ្យអញដាក់ឯងឲ្យនៅជាមួយនឹងពួកកូនចៅបាន ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត គឺជាមរដកយ៉ាងល្អរបស់ពួកកកកុញ នៅអស់ទាំងសាសន៍ដល់ឯងផង នោះអញបានឆ្លើយថា ឯងរាល់គ្នានឹងហៅអញថាជាព្រះវរបិតារបស់ឯង ក៏នឹងលែងងាកបែរចេញពីអញតទៅ
20 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ ពិតប្រាកដជាឯងបានប្រព្រឹត្តអំពើក្បត់ចំពោះអញ ប្រៀបដូចជាប្រពន្ធប្រព្រឹត្តក្បត់ចាកចោលប្ដីខ្លួន
21 មានឮសំឡេងនៅលើទីខ្ពស់ត្រងិល គឺជាពួកកូនចៅអ៊ីស្រាអែល ដែលយំ ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន ហើយបានភ្លេចព្រះយេហូវ៉ា ជាព្រះនៃខ្លួនទៅ
22 ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ អញនឹងមើលអស់ទាំងអំពើរាថយរបស់ឯង ឲ្យបានជាឡើងមើល យើងខ្ញុំរាល់គ្នាមកឯទ្រង់ហើយ ដ្បិតទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា