14 អស់ទាំងសហាយរបស់ឯងបានភ្លេចឯងហើយ គេមិនរកឯងទៀតទេ ពីព្រោះអញបានវាយឯងឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលឯង ដូចជាមនុស្សសាហាវ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចំរើនជាច្រើនឡើងហើយ
15 ហេតុអ្វីបានជាឯងស្រែកដោយព្រោះដំបៅឯងដូច្នេះ សេចក្តីឈឺចាប់របស់ឯង នោះមើលមិនជាទេ អញបានធ្វើដល់ឯងយ៉ាងនេះ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចំរើនជាច្រើនឡើងហើយ
16 ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីឯង នឹងត្រូវគេត្របាក់ស៊ីវិញ ឯអស់ទាំងខ្មាំងសត្រូវរបស់ឯង គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលរឹបជាន់ឯង នឹងត្រូវគេរឹបជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់ឯង នោះអញនឹងឲ្យដល់គេ ទុកជារំពាវិញ
17 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមើលឯងឲ្យជា ហើយនឹងធ្វើឲ្យរបួសឯងបានសះទៅ ពីព្រោះគេបានហៅឯងជាពួកបំបរបង់ ដោយពាក្យថា នេះក្រុងស៊ីយ៉ូនដែលឥតមានអ្នកណាស្វែងរកសោះ។
18 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុប ឲ្យត្រឡប់មកវិញ អញនឹងមានសេចក្តីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញ នៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម
19 ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ ចេញពីនោះមកអញនឹងធ្វើឲ្យគេចំរើនឡើង គេនឹងមិនមានគ្នាតិចឡើយ អញក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើងដែរ គេនឹងមិនមែនជានគរតូចទាបទេ
20 កូនចៅរបស់គេនឹងបានដូចជាកាលពីដើម ហើយពួកជំនុំរបស់គេ នឹងបានតាំងឡើង នៅចំពោះអញ អញធ្វើនឹងទោស ដល់អស់អ្នកណា ដែលសង្កត់សង្កិនគេ