17 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមើលឯងឲ្យជា ហើយនឹងធ្វើឲ្យរបួសឯងបានសះទៅ ពីព្រោះគេបានហៅឯងជាពួកបំបរបង់ ដោយពាក្យថា នេះក្រុងស៊ីយ៉ូនដែលឥតមានអ្នកណាស្វែងរកសោះ។
18 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុប ឲ្យត្រឡប់មកវិញ អញនឹងមានសេចក្តីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញ នៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម
19 ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ ចេញពីនោះមកអញនឹងធ្វើឲ្យគេចំរើនឡើង គេនឹងមិនមានគ្នាតិចឡើយ អញក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើងដែរ គេនឹងមិនមែនជានគរតូចទាបទេ
20 កូនចៅរបស់គេនឹងបានដូចជាកាលពីដើម ហើយពួកជំនុំរបស់គេ នឹងបានតាំងឡើង នៅចំពោះអញ អញធ្វើនឹងទោស ដល់អស់អ្នកណា ដែលសង្កត់សង្កិនគេ
21 ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្តាលពួកគេដែរ អញនឹងនាំគេ ហើយគេនឹងចូលមកជិតអញ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើដែលមានអ្នកណាមានចិត្តក្លាហាន ហ៊ានចូលមកជិតអញដូច្នេះឬ
22 នោះឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា។
23 មើល ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្តីក្រោធរបស់ទ្រង់បានចេញមកហើយ គឺជាខ្យល់កួចដែលបោសរំលីង ខ្យល់នោះនឹងធ្លាយមកលើក្បាលរបស់ពួកអាក្រក់