យេរេមា 30:18-24 KHOV

18 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​ពួក​ឈ្លើយ ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុប ឲ្យ​ត្រឡប់​មក​វិញ អញ​នឹង​មាន​សេចក្តី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ នៅ​លើ​គំនរ​ចាស់ ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម

19 ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ និង​សំឡេង​អរ​សប្បាយ ចេញ​ពី​នោះ​មក​អញ​នឹង​ធ្វើ​ឲ្យ​គេ​ចំរើន​ឡើង គេ​នឹង​មិន​មាន​គ្នា​តិច​ឡើយ អញ​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំ‌ថ្កើង​ឡើង​ដែរ គេ​នឹង​មិន​មែន​ជា​នគរ​តូច​ទាប​ទេ

20 កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​ជា​កាល​ពី​ដើម ហើយ​ពួក​ជំនុំ​របស់​គេ នឹង​បាន​តាំង​ឡើង នៅ​ចំពោះ​អញ អញ​ធ្វើ​នឹង​ទោស ដល់​អស់​អ្នក​ណា ដែល​សង្កត់‌សង្កិន​គេ

21 ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក ហើយ​ចៅ‌ហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្តាល​ពួក​គេ​ដែរ អញ​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​អញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន ហ៊ាន​ចូល​មក​ជិត​អញ​ដូច្នេះ​ឬ

22 នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា។

23 មើល ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្តី​ក្រោធ​របស់​ទ្រង់​បាន​ចេញ​មក​ហើយ គឺ​ជា​ខ្យល់​កួច​ដែល​បោស​រំលីង ខ្យល់​នោះ​នឹង​ធ្លាយ​មក​លើ​ក្បាល​របស់​ពួក​អាក្រក់

24 សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​មក​វិញ ដរាប​ដល់​ទ្រង់​បាន​ធ្វើ​សំរេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ ឯ​នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ នោះ​ឯង​រាល់​គ្នា​នឹង​យល់​បាន។