7 វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម ដល់ម៉្លេះបានជាគ្មានថ្ងៃណាមួយឲ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែគេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ
8 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងបំបាក់នឹមគេពីកឯងចេញ ហើយផ្តាច់ចំណងឯងផង នោះពួកសាសន៍ដទៃនឹងមិនចាប់ប្រើឯងជាបាវទៀតឡើយ
9 គឺឯងនឹងបំរើព្រះយេហូវ៉ា ជាព្រះនៃឯង និងដាវីឌ ជាស្តេចរបស់ឯង ជាអ្នកដែលអញនឹងបង្កើតឡើងដល់ឯង
10 ដូច្នេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើអញអើយ កុំឲ្យខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តដែរ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ពីចំងាយ និងពូជពង្សឯង ឲ្យរួចពីស្រុកដែលគេនៅជាឈ្លើយនោះផង នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនឹងនៅដោយសុខស្រួល និងសេចក្តីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ
11 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯង ពីព្រោះអញនឹងធ្វើឲ្យអស់ទាំងនគរ ដែលអញបានកំចាត់កំចាយឯងទៅនោះត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យឯងផុតទេ គឺអញនឹងវាយផ្ចាលឯងតាមខ្នាតវិញ អញនឹងមិនបណ្តោយឲ្យឯងនៅដោយឥតវាយផ្ចាលឡើយ។
12 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថាដំបៅឯងមើលមិនជាទេ ហើយរបួសឯងក៏ធ្ងន់ណាស់ផង
13 គ្មានអ្នកណានឹងកាន់ក្តីឯង ដើម្បីនឹងរុំរបួសឯងសោះ ឯងក៏គ្មានថ្នាំណាផ្សះផង