1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ អញនឹងធ្វើជាព្រះ ដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេនឹងបានជារាស្ត្ររបស់អញ
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលអញទៅប្រោសឲ្យបានសេចក្តីសំរាក
3 ព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យខ្ញុំឃើញកាលពីដើម ដោយព្រះបន្ទូលថា អើ អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្តីសប្បុរស
4 ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ អញនឹងសង់ឯងឡើងវិញ នោះឯងនឹងបានតាំងនៅ ឯងនឹងបានតាក់តែងដោយក្រាប់ជាថ្មីទៀត ព្រមទាំងចេញទៅលោតកញ្ឆេងជាមួយនឹងពួកអ្នកដែលលេងសប្បាយ
5 ឯងនឹងដាំដំណាំទំពាំងបាយជូរនៅលើភ្នំស្រុកសាម៉ារីទៀត ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង
6 ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកយាមនៅលើភ្នំស្រុកអេប្រាអិម នឹងស្រែកឡើងថា ចូរក្រោកឡើង យើងនឹងឡើងទៅឯព្រះយេហូវ៉ា ជាព្រះនៃយើងនៅក្រុងស៊ីយ៉ូន។