យេរេមា 31:1-7 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​ធ្វើ​ជា​ព្រះ ដល់​គ្រប់​ទាំង​គ្រួ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ

2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​ជន​ដែល​សល់​នៅ​ពី​ដាវ គឺ​ជា​ពួក​អ៊ីស្រា‌អែល គេ​បាន​ប្រកប​ដោយ​គុណ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​អញ​ទៅ​ប្រោស​ឲ្យ​បាន​សេចក្តី​សំរាក

3 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​ព្រះ‌បន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្តី​សប្បុរស

4 ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ អញ​នឹង​សង់​ឯង​ឡើង​វិញ នោះ​ឯង​នឹង​បាន​តាំង​នៅ ឯង​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី​ទៀត ព្រម​ទាំង​ចេញ​ទៅ​លោត‌កញ្ឆេង​ជា​មួយ​នឹង​ពួក​អ្នក​ដែល​លេង​សប្បាយ

5 ឯង​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង

6 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​យាម​នៅ​លើ​ភ្នំ​ស្រុក​អេប្រា‌អិម នឹង​ស្រែក​ឡើង​ថា ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។

7 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់​ផង