យេរេមា 31:10-16 KHOV

10 ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា ព្រះ​ដែល​បាន​កំចាត់‌កំចាយ​សាសន៍​អ៊ីស្រា‌អែល​ទៅ ទ្រង់​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ ដូច​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន

11 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លោះ​យ៉ាកុប​ហើយ ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន

12 គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន ហើយ​នឹង​មក​ហូរ‌ហែ ដល់​សេចក្តី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន‌ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន​សេចក្តី​ព្រួយ​ទៀត​ឡើយ

13 គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ​ក្នុង​ការ​លោត‌កញ្ឆេង ព្រម​ទាំង​ពួក​កំឡោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​អញ​នឹង​បំប្រែ​សេចក្តី​សោក‌សៅ​របស់​គេ​ទៅ​ជា​សេចក្តី​អំណរ​វិញ ហើយ​កំសាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ​ចេញ​ពី​សេចក្តី​ទុក្ខ​ព្រួយ​របស់​គេ

14 អញ​ក៏​នឹង​ចំអែត​ព្រលឹង​នៃ​ពួក​សង្ឃ ដោយ​សេចក្តី​បរិបូរ ហើយ​រាស្ត្រ​អញ​នឹង​បាន​ស្កប់​ចិត្ត ដោយ​សេចក្តី​សប្បុរស​របស់​អញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

15 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កំសាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ

16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ទប់​សំឡេង​ឯង​មិន​ឲ្យ​យំ និង​ភ្នែក​ឯង​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​របស់​ឯង​នឹង​បាន​រង្វាន់​ជា​ពិត ហើយ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​វិញ