11 ពីព្រោះព្រះយេហូវ៉ាទ្រង់បានលោះយ៉ាកុបហើយ ទ្រង់បានដោះគេចេញពីកណ្តាប់ដៃនៃពួកអ្នកដែលខ្លាំងជាងខ្លួន
12 គេនឹងមក ហើយច្រៀងនៅលើទីខ្ពស់នៃភ្នំស៊ីយ៉ូន ហើយនឹងមកហូរហែ ដល់សេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា គឺមកដល់ស្រូវ ទឹកទំពាំងបាយជូរ ប្រេង និងកូនចៀម កូនគោ ពីហ្វូងសត្វ ហើយព្រលឹងគេនឹងបានដូចជាសួនច្បារ ដែលមានទឹកស្រោច នោះគេនឹងមិនមានសេចក្តីព្រួយទៀតឡើយ
13 គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយក្នុងការលោតកញ្ឆេង ព្រមទាំងពួកកំឡោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតអញនឹងបំប្រែសេចក្តីសោកសៅរបស់គេទៅជាសេចក្តីអំណរវិញ ហើយកំសាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយចេញពីសេចក្តីទុក្ខព្រួយរបស់គេ
14 អញក៏នឹងចំអែតព្រលឹងនៃពួកសង្ឃ ដោយសេចក្តីបរិបូរ ហើយរាស្ត្រអញនឹងបានស្កប់ចិត្ត ដោយសេចក្តីសប្បុរសរបស់អញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកំសាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ
16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទប់សំឡេងឯងមិនឲ្យយំ និងភ្នែកឯងមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ការរបស់ឯងនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ
17 ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលថា មានសេចក្តីសង្ឃឹមសំរាប់ចុងបំផុតរបស់ឯង កូនចៅឯងនឹងវិលមកឯព្រំដែនរបស់គេវិញ