19 ក្រោយដែលទ្រង់បានទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំបានប្រែគំនិតឡើងជាពិត កាលទូលបង្គំបានទទួលសេចក្តីប្រៀនប្រដៅហើយ នោះក៏វាយទះភ្លៅខ្លួន ទូលបង្គំមានសេចក្តីខ្មាស អើ ក៏ជ្រប់មុខផង ពីព្រោះទូលបង្គំធន់រងសេចក្តីអាម៉ាស់ខ្មាសនៃវ័យនៅក្មេង
20 តើអេប្រាអិមជាកូនសំឡាញ់របស់អញឬ តើជាកូនសំណប់ឬអី ដ្បិតដែលអញនិយាយទាស់នឹងវាវេលាណា នោះអញក៏នឹករឭកដល់វានៅវេលានោះឯង ដូច្នេះ អញមានចិត្តរំជួលដល់វា ហើយនឹងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
21 ចូរធ្វើទីសំគាល់តាមផ្លូវ ហើយដោតដំរុយចុះ ចូរតាំងចិត្តដំរង់ទៅឯថ្នល់ គឺជាផ្លូវដែលឯងបានទៅតាមនោះ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់ឯងទាំងនេះចុះ
22 ឱកូនស្រីដែលរាថយអើយ ឯងនឹងនៅតែដើរសាត់អណ្តែត តើដល់កាលណាទៀត ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្កើតការថ្មីនៅផែនដី គឺមនុស្សស្រីនឹងឡោមព័ទ្ធមនុស្សប្រុស។
23 ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញនាំពួកគេ ដែលជាឈ្លើយមកវិញ នោះនៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្តីសុចរិត ហើយភ្នំនៃសេចក្តីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់ឯង
24 នោះពួកយូដា និងអស់អ្នកនៅទីក្រុងរបស់គេ គឺជាពួកអ្នកធ្វើស្រែចំការ ហើយពួកអ្នកដែលឃ្វាលហ្វូងសត្វដែរ គេនឹងនៅទីនោះ
25 ដ្បិតអញបានចំអែតព្រលឹងមនុស្សដែលល្វើយ ហើយឯព្រលឹងព្រួយលំបាក នោះអញបានឲ្យស្កប់ចិត្តឡើងវិញ