យេរេមា 31:25-31 KHOV

25 ដ្បិត​អញ​បាន​ចំអែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ហើយ​ឯ​ព្រលឹង​ព្រួយ​លំបាក នោះ​អញ​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ

26 មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​មើល ការ​ដេក​លក់​របស់​ខ្ញុំ​បាន​ផ្អែម​ឆ្ងាញ់​ដល់​ខ្ញុំ​ណាស់

27 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​យក​ពូជ​មនុស្ស និង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​វង្ស​យូដា

28 រួច​ដែល​អញ​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង​កាច់​បំបាក់ រំលំ បំផ្លាញ​ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​អញ​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

29 នៅ​គ្រា​នោះ គេ​នឹង​លែង​និយាយ​ថា «ពួក​ឪពុក បាន​ស៊ី​ផ្លែ​មាន​រស​ជូរ ហើយ​ពួក​កូន ក៏​សង្កៀរ​ធ្មេញ»

30 គឺ​គ្រប់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន​វិញ ឯ​អស់​អ្នក​ណា​ដែល​ស៊ី​ផ្លែ​មាន​រស​ជូរ គឺ​អ្នក​នោះ​ឯង​ដែល​នឹង​សង្កៀរ​ធ្មេញ​ទេ។

31 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី នឹង​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​វង្ស​យូដា