យេរេមា 31:3-9 KHOV

3 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​ព្រះ‌បន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្តី​សប្បុរស

4 ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ អញ​នឹង​សង់​ឯង​ឡើង​វិញ នោះ​ឯង​នឹង​បាន​តាំង​នៅ ឯង​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី​ទៀត ព្រម​ទាំង​ចេញ​ទៅ​លោត‌កញ្ឆេង​ជា​មួយ​នឹង​ពួក​អ្នក​ដែល​លេង​សប្បាយ

5 ឯង​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង

6 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​យាម​នៅ​លើ​ភ្នំ​ស្រុក​អេប្រា‌អិម នឹង​ស្រែក​ឡើង​ថា ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។

7 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់​ផង

8 មើល អញ​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង ហើយ​នឹង​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទំងន់ និង​ស្រី​ដែល​រៀប​នឹង​សំរាល​កូន​ផង ជា​ពួក​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ

9 គេ​នឹង​មក​ដោយ​ទឹក​ភ្នែក និង​ពាក្យ​ទូល‌អង្វរ អញ​នឹង​នាំ​មុខ​គេ ហើយ​ដំរង់​គេ​ដើរ​ទៅ​ក្បែរ​មាត់​ទន្លេ តាម​ផ្លូវ​ត្រង់ ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​អញ​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​ពួក​អេប្រា‌អិម​ជា​កូន​ច្បង​របស់​អញ។