31 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា
32 មិនមែនតាមសញ្ញាដែលអញបានតាំងនឹងពួកព្ធយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃដឹកគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្តីសញ្ញាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេផ្តាច់ចេញហើយ ទោះបើអញជាប្ដីដល់គេក៏ដោយ
33 គឺព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សេចក្តីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
34 រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។
35 ឯព្រះ ដែលប្រទានព្រះអាទិត្យ សំរាប់ជាពន្លឺនៅពេលថ្ងៃ ហើយតាំងរបៀបនៃព្រះចន្ទ និងតារាទាំងប៉ុន្មានសំរាប់បំភ្លឺនៅពេលយប់ ជាព្រះដែលបណ្តាលឲ្យសមុទ្រកំរើកឡើង ដល់ម៉្លេះបានជាឮសន្ធឹករលក ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា
36 បើបញ្ញត្តច្បាប់ទាំងនេះឃ្លាតចេញពីមុខអញទៅកាលណា នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរ នៅមុខអញជាដរាបទៅ កាលនោះដែរ
37 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា បើអាចនឹងវាស់ផ្ទៃមេឃខាងលើ ហើយស្ទង់ឫសផែនដីនៅខាងក្រោមបាន នោះអញនឹងបោះបង់ចោលពូជអ៊ីស្រាអែល ដោយព្រោះអស់ទាំងការដែលគេបានប្រព្រឹត្តដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។