5 ឯងនឹងដាំដំណាំទំពាំងបាយជូរនៅលើភ្នំស្រុកសាម៉ារីទៀត ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង
6 ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកយាមនៅលើភ្នំស្រុកអេប្រាអិម នឹងស្រែកឡើងថា ចូរក្រោកឡើង យើងនឹងឡើងទៅឯព្រះយេហូវ៉ា ជាព្រះនៃយើងនៅក្រុងស៊ីយ៉ូន។
7 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង
8 មើល អញនឹងនាំគេមកស្រុកខាងជើង ហើយនឹងប្រមូលគេពីចុងផែនដីបំផុត មានទាំងពួកខ្វាក់ ពួកខ្វិន ស្រីមានទំងន់ និងស្រីដែលរៀបនឹងសំរាលកូនផង ជាពួកមនុស្សយ៉ាងធំ ដែលនឹងវិលមកនៅទីនេះវិញ
9 គេនឹងមកដោយទឹកភ្នែក និងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយដំរង់គេដើរទៅក្បែរមាត់ទន្លេ តាមផ្លូវត្រង់ ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតអញជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់អញ។
10 ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរឲ្យឯងរាល់គ្នាស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា ព្រះដែលបានកំចាត់កំចាយសាសន៍អ៊ីស្រាអែលទៅ ទ្រង់នឹងប្រមូលគេមកវិញ ហើយនឹងរក្សាគេ ដូចជាអ្នកគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន
11 ពីព្រោះព្រះយេហូវ៉ាទ្រង់បានលោះយ៉ាកុបហើយ ទ្រង់បានដោះគេចេញពីកណ្តាប់ដៃនៃពួកអ្នកដែលខ្លាំងជាងខ្លួន