24 មើល ប្រដាប់ចំបាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់អត់ និងអាសន្នរោគ ឯអស់ទាំងការដែលទ្រង់បានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ
25 ហើយ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលមកទូលបង្គំថា ចូរឯងទទួលបញ្ចាំចំការដោយប្រាក់ ហើយហៅស្មរបន្ទាល់មក តែទីក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេហើយ។
26 លំដាប់នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេរេមាថា
27 មើល អញនេះជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាច់ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ
28 ហេតុនេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងប្រគល់ទីក្រុងនេះទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន
29 ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចដង្វាយច្រួចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្តាលឲ្យអញខឹង
30 ពីព្រោះពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា បានប្រព្រឹត្តសុទ្ធតែការដែលអាក្រក់ នៅភ្នែកអញ តាំងតែពីក្មេងមក ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបណ្តាលឲ្យអញខឹង ដោយការដែលដៃគេធ្វើ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា