27 មើល អញនេះជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាច់ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ
28 ហេតុនេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងប្រគល់ទីក្រុងនេះទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន
29 ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចដង្វាយច្រួចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្តាលឲ្យអញខឹង
30 ពីព្រោះពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា បានប្រព្រឹត្តសុទ្ធតែការដែលអាក្រក់ នៅភ្នែកអញ តាំងតែពីក្មេងមក ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបណ្តាលឲ្យអញខឹង ដោយការដែលដៃគេធ្វើ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
31 ទីក្រុងនេះជាទីអុចអាល ឲ្យអញមានសេចក្តីកំហឹង និងឃោរឃៅ ចាប់តាំងពីគ្រាដែលគេសង់ឡើង ដរាបដល់សព្វថ្ងៃនេះ បានជាគួរឲ្យអញបំបាត់ចេញពីមុខអញទៅ
32 ដោយព្រោះអស់ទាំងអំពើអាក្រក់ ដែលពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដាបានប្រព្រឹត្ត ជាហេតុបណ្តាលឲ្យអញខឹង គឺទាំងខ្លួនគេ ស្តេចគេ ពួកចៅហ្វាយ ពួកសង្ឃ និងពួកហោរារបស់គេ អស់ទាំងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង
33 គេបានបែរខ្នងឲ្យអញ មិនមែនជាមុខឡើយ ហើយទោះបើអញបានបង្ហាត់បង្រៀនគេ ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងបង្រៀនផងក៏ដោយ គង់តែគេមិនបានស្តាប់តាម ដើម្បីនឹងទទួលសេចក្តីប្រៀនប្រដៅដែរ