33 គេបានបែរខ្នងឲ្យអញ មិនមែនជាមុខឡើយ ហើយទោះបើអញបានបង្ហាត់បង្រៀនគេ ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងបង្រៀនផងក៏ដោយ គង់តែគេមិនបានស្តាប់តាម ដើម្បីនឹងទទួលសេចក្តីប្រៀនប្រដៅដែរ
34 គឺគេបានតាំងរបស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះអញ ជាការដែលបង្អាប់ដល់ទីនោះវិញ
35 គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណំម សំរាប់នឹងធ្វើឲ្យកូនប្រុសកូនស្រីគេ ដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលអញមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតអញ ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនឹងនាំឲ្យពួកយូដាបានធ្វើបាបផងដែរ។
36 ដោយហេតុនោះ ឥឡូវនេះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរទីក្រុងដែលឯងថា បានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូនដោយសារដាវ អំណត់អត់ ហើយនឹងអាសន្នរោគនេះថា
37 មើល អញនឹងប្រមូលគេចេញពីអស់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ដោយសេចក្តីកំហឹង សេចក្តីឃោរឃៅ ហើយនឹងសេចក្តីគ្នាន់ក្នាញ់ដ៏ជាខ្លាំងរបស់អញ ក៏នឹងនាំគេមកឯទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត
38 នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ
39 អញនឹងឲ្យគេមានទឹកចិត្តតែ១ និងផ្លូវប្រព្រឹត្តតែ១ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់អញជាដរាប សំរាប់ជាសេចក្តីល្អដល់គេ និងកូនចៅគេតរៀងទៅ