36 ដោយហេតុនោះ ឥឡូវនេះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរទីក្រុងដែលឯងថា បានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូនដោយសារដាវ អំណត់អត់ ហើយនឹងអាសន្នរោគនេះថា
37 មើល អញនឹងប្រមូលគេចេញពីអស់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ដោយសេចក្តីកំហឹង សេចក្តីឃោរឃៅ ហើយនឹងសេចក្តីគ្នាន់ក្នាញ់ដ៏ជាខ្លាំងរបស់អញ ក៏នឹងនាំគេមកឯទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត
38 នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ
39 អញនឹងឲ្យគេមានទឹកចិត្តតែ១ និងផ្លូវប្រព្រឹត្តតែ១ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់អញជាដរាប សំរាប់ជាសេចក្តីល្អដល់គេ និងកូនចៅគេតរៀងទៅ
40 អញនឹងតាំងសេចក្តីសញ្ញានឹងគេ ជាសេចក្តីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា អញនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្តីល្អវិញ អញនឹងដាក់សេចក្តីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ
41 អើ អញនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្តីល្អដល់គេ ពិតប្រាកដជាអញនឹងដាំគេចុះ នៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងអញ
42 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញបាននាំអស់ទាំងការអាក្រក់យ៉ាងធំនេះ មកលើជនជាតិនេះយ៉ាងណា អញក៏នឹងនាំអស់ទាំងការដែលអញបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ