5 គេនឹងនាំយកសេដេគា ទៅឯក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែអញប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើឯងរាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ។
6 យេរេមានិយាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ប្រាប់ដូច្នេះ
7 មើល ហាណាមាល ជាកូនសាលូម ឪពុកធំឯង នឹងមកនិយាយនឹងឯងថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំដែលនៅឯអាន៉ាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ
8 ដូច្នេះហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ក៏មកឯខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយនឹងខ្ញុំថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំ ដែលនៅឯអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមរដក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលបញ្ចាំ ទុកសំរាប់ខ្លួនអ្នកចុះយ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត
9 ខ្ញុំក៏ទទួលបញ្ចាំចំការ ដែលនៅឯអាន៉ាថោត ពីហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ហើយបានថ្លឹងប្រាក់១៧រៀលឲ្យដល់គាត់
10 ក៏ធ្វើសំបុត្រ ហើយបិទត្រា រួចហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់
11 ដូច្នេះ ខ្ញុំបានយកសំបុត្របញ្ចាំ ទាំងសំបុត្រដែលបិទត្រាតាមច្បាប់ តាមទំនៀម និងសំបុត្រ១ដែលនៅបើកដែរ