3 ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង
4 ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ស្តេចយូដា ដែលត្រូវរំលំ ដោយសារប្រដាប់ចំបាំង ហើយនឹងដាវ
5 ដែលគេចាកចេញទៅតយុទ្ធ នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលអញសំឡាប់ ដោយសេចក្តីកំហឹង និងសេចក្តីឃោរឃៅរបស់អញ ហើយបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអស់ទាំងអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ
6 មើល អញនឹងនាំសេចក្តីសុខស្រួល និងការរំងាប់រោគមកដល់ ហើយនឹងមើលគេឲ្យជា ព្រមទាំងបើកសេចក្តីសុខ និងសេចក្តីពិតជាបរិបូរឲ្យគេឃើញ
7 អញនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម
8 ក៏នឹងសំអាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងអញ ហើយអញនឹងអត់ទោសចំពោះអស់ទាំងសេចក្តីទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងអញនោះ
9 ឯទីក្រុងនេះ នឹងបានសំរាប់ជាហេតុនាំឲ្យអរសប្បាយដល់អញ សំរាប់ជាសេចក្តីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលអញប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្តីល្អ និងសេចក្តីសុខទាំងប៉ុន្មាន ដែលអញផ្តល់ដល់គេ។