8 ក៏នឹងសំអាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងអញ ហើយអញនឹងអត់ទោសចំពោះអស់ទាំងសេចក្តីទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងអញនោះ
9 ឯទីក្រុងនេះ នឹងបានសំរាប់ជាហេតុនាំឲ្យអរសប្បាយដល់អញ សំរាប់ជាសេចក្តីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលអញប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្តីល្អ និងសេចក្តីសុខទាំងប៉ុន្មាន ដែលអញផ្តល់ដល់គេ។
10 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នៅទីនេះដែលឯងរាល់គ្នាថា ជាទីខូចបង់ឥតមានមនុស្ស ឬសត្វណានៅទៀត គឺនៅក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម ដែលចោលស្ងាត់នេះ ឥតមានអ្នកណាអាស្រ័យនៅ ឬមនុស្ស ឬសត្វណាឡើយ នោះនឹងមានឮសំឡេងមនុស្សម្តងទៀត
11 ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ ពីព្រោះសេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកដង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតអញនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា នៅស្រុកនេះដែលខូចបង់ ឥតមានមនុស្ស ឬសត្វណាសោះ ហើយនៅអស់ទាំងទីក្រុង នោះនឹងមានទីលំនៅរបស់ពួកអ្នកគង្វាល ដែលឲ្យហ្វូងសត្វរបស់គេដេកសំរាកម្តងទៀត
13 ហ្វូងសត្វនឹងចូលក្រោមដៃនៃអ្នកដែលរាប់វាម្តងទៀត នៅអស់ទាំងទីក្រុងនៅស្រុកភ្នំ ស្រុកទំនាប ស្រុកត្បូង ស្រុកបេនយ៉ាមីន និងគ្រប់កន្លែងជុំវិញក្រុងយេរូសាឡិម ហើយនៅទីក្រុងស្រុកយូដាទាំងប៉ុន្មានផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចតាមពាក្យល្អ ដែលអញបាននិយាយពីដំណើរពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា