យេរេមា 34:14-20 KHOV

14 លុះ​ផុត​៧​ឆ្នាំ​ហើយ នោះ​ឯង​រាល់​គ្នា​ត្រូវ​លែង​បង​ប្អូន​ឯង ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​ឯង ហើយ​បាន​បំរើ​ឯង​អស់​៦​ឆ្នាំ គឺ​ឯង​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​ឯង​ទៅ ប៉ុន្តែ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង

15 ឯ​ឯង​រាល់​គ្នា​ទើប​នឹង​វិល​មក​ធ្វើ​ការ ដែល​ត្រឹម​ត្រូវ​នៅ​ភ្នែក​អញ ដោយ​ប្រកាស​ប្រាប់​សេចក្តី​ប្រោស​លោះ ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​អំបាញ់‌មិញ ហើយ​បាន​តាំង​សញ្ញា​នៅ​មុខ​អញ ក្នុង​ព្រះ‌វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង

16 តែ​ឥឡូវ​នេះ បាន​បែរ​ទៅ​ជា​បង្អាប់​ដល់​ឈ្មោះ​អញ​វិញ ដោយ​បាន​បង្ខំ​ឲ្យ​ពួក​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រៀង​ខ្លួន ដែល​ឯង​បាន​លែង​ឲ្យ​រួច​ចេញ​តាម​បំណង​ចិត្ត​គេ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រាល់​គ្នា​វិញ​ទៀត។

17 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ ដល់​បង​ប្អូន​ឯង​រៀង​ខ្លួន និង​ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​ទេ ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ឯង​រាល់​គ្នា​វិញ គឺ​ឲ្យ​រួច​ចេញ​ទៅ​ដល់​ដាវ ដល់​អាសន្ន‌រោគ ហើយ​ដល់​អំណត់‌អត់​ដែរ អញ​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​សាត់​អណ្តែត​ទៅ​មក កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី

18 ហើយ​អញ​នឹង​ប្រគល់​ពួក​មនុស្ស ដែល​បាន​ក្បត់​នឹង​សេចក្តី​សញ្ញា​របស់​អញ ជា​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​តាម​ពាក្យ​នៃ​សេចក្តី​សញ្ញា ដែល​គេ​បាន​តាំង​នៅ​មុខ​អញ ក្នុង​កាល​ដែល​គេ​បាន​ពុះ​កូន​គោ​ជា​២​ចំហៀង រួច​ដើរ​នៅ​កណ្តាល​ចំហៀង​ទាំង​២​នោះ

19 ជា​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម ពួក​សេនាបតី ពួក​សង្ឃ និង​ពួក​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​ដែល​បាន​ដើរ​កណ្តាល​ចំហៀង​នៃ​កូន​គោ​នោះ

20 គឺ​អញ​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ ឯ​សាក‌សព​របស់​គេ​នឹង​ជា​ចំណី ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​នៅ​ផែនដី