យេរេមា 35:13-19 KHOV

13 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​និយាយ​នឹង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ថា តើ​ឯង​រាល់​គ្នា​មិន​ព្រម​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ ដើម្បី​នឹង​ស្តាប់​តាម​ពាក្យ​អញ​ទេ​ឬ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

14 ឯ​ពាក្យ​របស់​យ៉ូណាដាប ជា​កូន​រេកាប​ដែល​បាន​ហាម​ដល់​ពួក​កូន​ចៅ មិន​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​បាន​សំរេច​ហើយ ដ្បិត​គេ​មិន​ផឹក​សោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គេ​ស្តាប់​តាម​បង្គាប់​របស់​ព្ធយុ‌កោ​គេ ឯ​អញ​វិញ​អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ប្រាប់​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ

15 អញ​ក៏​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​អញ ឲ្យ​មក​ឯ​ឯង​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ឲ្យ​ប្រាប់​ថា ចូរ​ឲ្យ​ឯង​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​ឯង​ផង កុំ​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​ដល់​វា​នោះ​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​ព្ធយុ‌កោ​ឯង តែ​ឯង​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​អញ​សោះ

16 ដូច្នេះ ដោយ​ឃើញ​ថា ពួក​កូន​ចៅ​យ៉ូណាដាប ជា​កូន​រេកាប បាន​សំរេច​តាម​បង្គាប់​របស់​ព្ធយុ‌កោ​គេ ដែល​ផ្តាំ​មក​នោះ តែ​ជន‌ជាតិ​ទាំង​នេះ​មិន​បាន​ស្តាប់​តាម​អញ​ទេ

17 ហេតុ​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​គ្រប់​ទាំង​សេចក្តី​អាក្រក់​មក​លើ​ពួក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​អញ​បាន​ពោល​ទាស់​នឹង​គេ​ហើយ ពី​ព្រោះ​អញ​បាន​ប្រាប់​ដល់​គេ តែ​គេ​មិន​បាន​ស្តាប់​ទេ ហើយ​អញ​បាន​ហៅ​គេ តែ​គេ​មិន​បាន​ឆ្លើយ​តប​ឡើយ។

18 រួច​យេរេមា លោក​ប្រាប់​ដល់​ពួក​វង្ស​នៃ​រេកាប​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ស្តាប់​តាម​បង្គាប់​យ៉ូណាដាប ជា​ព្ធយុ‌កោ​ឯង ហើយ​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​គាត់ ព្រម​ទាំង​សំរេច​តាម​អស់​ទាំង​ពាក្យ ដែល​គាត់​បាន​ផ្តាំ​មក

19 ដូច្នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យ៉ូណា‌ដាប​ជា​កូន​រេកាប នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​សំរាប់​ឈរ​នៅ​មុខ​អញ​ជា​ដរាប​ត​ទៅ​ឡើយ។