1 នៅឆ្នាំទី៤ក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាដល់យេរេមាថា
2 ចូរយកក្រាំង១មកកត់អស់ទាំងពាក្យដែលអញបានប្រាប់ដល់ឯង ទាស់នឹងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលអញផ្តើមនិយាយនឹងឯង គឺតាំងពីគ្រាយ៉ូសៀសដរាបដល់សព្វថ្ងៃនេះ
3 ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្តីអាក្រក់ ដែលអញសំរេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យអញបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ។
4 ដូច្នេះ យេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ាចុះក្នុងក្រាំងតាមមាត់យេរេមា ជាព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលដល់លោក
5 រួចយេរេមាប្រាប់បារូកថា អញនៅជាប់ឃុំ នឹងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន
6 ដូច្នេះចូរឯងយកក្រាំងនេះ ដែលឯងបានសរសេរតាមមាត់អញ ទៅអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា នៅត្រចៀករបស់បណ្តាជនក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅថ្ងៃកាន់ត្រណមទៅ ហើយត្រូវឲ្យអានមើល នៅត្រចៀកពួកសាសន៍យូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ
7 ប្រហែលជាគេនឹងទូលអង្វរដល់ព្រះយេហូវ៉ា ហើយនឹងវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួនទេដឹង ដ្បិតសេចក្តីខ្ញាល់ និងសេចក្តីឃោរឃៅ ដែលព្រះយេហូវ៉ាបានពោលទាស់នឹងសាសន៍នេះ នោះធ្ងន់ក្រៃលែង